លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ~ គេហទំព័រ ទិត្យសុខហឿន ហតញូស៍
សូមស្វាគមន៍ www.k-tithsokhoeun-hotnews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659/0966694773.....
សូមស្វាគមន៍ គេហទំព័រ ទិត្យសុខហឿន ហតញូស៍​​ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្ដាល : ផ្ទះ 142 ផ្លូវលំភូមិរការកុះសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ / ចាងហ្វាងការផ្សាយ : លោក ទិត្យសុខហឿន ទំនាក់ទំនង ទូរសព្ទលេខ : 0974924659 / 0966694773....

​​​​​​​​​​​​​

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកបណ្ឌិត ថោង ខុន, លោក ស្វាយ ស៊ីថា, លោក ម៉ៅ សុផាន់, លោកស្រី ឃួន ឃុនឌី, លោក ស៊ុំ សន្និសិទ្ធ, លោកស្រី សាយ សំអាត, លោក នួន ផារ័ត្ន, ព្រមទាំងអនុប្រធាន និងលោក លោកស្រី ជាសមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ប្រមាណ៣០០រូប។

បន្ទាប់ពីស្តាប់របាយការណ៍លម្អិតស្តីពីលទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក របស់ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំដែលអានដោយលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានប្រចាំការ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត លោក វង្សី វិស្សុត បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់កម្រិតតាមលំដាប់ថ្នាក់ ដែលធ្វើឱ្យប្រៀបខ្លាំងរបស់គណបក្សកាន់តែត្រូវបានពង្រឹងនិងពង្រីកឥតឈប់នៅគ្រប់ទីកន្លែង។

លោក វង្ស៊ី វិស្សុត បានសង្កត់បញ្ជាក់ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ថា ភារកិច្ចជាអាទិភាពរបស់ក្រុមការងារគឺផ្ដោតលើការដ្ឋានសំខាន់ចំនួន៣ គឺទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និង ទី៣. ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា។

ក្នុងគោលដៅរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយ «ខេត្តកំពង់ធំ ឱ្យក្លាយទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល» លោក វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប និងជាតួអង្គតែមួយ ដែលមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំប្រកបដោយថាមវន្ត ហើយចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចចិត្តនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកប្រធានក្រុមការងារក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់បន្ថែមលើការងារចម្បងៗជាអាទិ៍៖ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, អន្តរាគមន៍ជួយប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់, អប់រំទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង, ការពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនិងសេវាសុខាភិបាល, បង្កើនសាងសង់ប្រព័ន្ធធារាសាស្ត្រ, ផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផល និងការអភិវឌ្ឍដំណាំកសិឧស្សាហកម្ម ជាពិសេសគ្រាប់ស្វាយចន្ទី។

លោក វង្សី វិស្សុត ប្រធានក្រុមការងារ ក៏បានក្រើនរំលឹកនិងលើកទឹកចិត្តដល់ក្រុមការចុះមូលដ្ឋាន ក្រុង ស្រុកទាំង៩ បន្តជំរុញនិងពន្លឿនរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន, ជួសជុល កែលម្អនិងសាងសង់ទីស្នាក់ការគណបក្សស្រុក ក្រុង និងទីស្នាក់ការគណបក្សឃុំ សង្កាត់, ដំណើរការមូលនិធិរបស់ក្រុមការងារចុះមូលដ្ឋាន, រៀបចំក្របខណ្ឌការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងខេត្តកំពង់ធំ, រៀបចំកម្លាំងយុវជនបន្តវេនត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៨។ ចំពោះមុខត្រូវរៀបចំផែនការសម្រាប់ត្រៀមរៀបចំពិធីបុណ្យ ឆ្លងឆ្នាំសកល២០២៥ និងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដោយផ្ដោតលើការលើកតម្កើងដល់វប្បធម៌ជាតិ និងដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

សូមជម្រាបថា ក្រៅពីគណៈពង្រឹងកម្រិតខេត្ត ក្រុង-ស្រុក សង្កាត់-ឃុំ ក៏មានយន្តការក្រុមការងារតាមវិស័យដែលបានបង្កើតឡើងរួមមាន៖ ១.ក្រុមការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, ២. ក្រុមការងាររៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ អភិវឌ្ឍន៍ក្រុង, ៣. ក្រុមការងារ លើកកម្ពស់ជីវភាពប្រជាជន, ៤.ក្រុមការងារចល័តអន្តរាគមន៍បន្ទាន់ក្នុងវស័យហេដ្ឋារចនាសម្ព័ន្ធ, ៥. ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងទីផ្សារផលិតផលខ្មែរក្នុងខេត្តកំពង់ធំ, ៦. ក្រុមមេធាវីប្រចាំខេត្ត និងក្រុង ស្រុកទាំង៩, និង ៧. ក្រុមការងារពង្រឹងចលនាគ្រូបង្រៀន និងគ្រូពេទ្យខេត្ត ដើម្បីចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនិងសំណើរបស់ប្រជាជន ដើម្បីធានានូវសមធម៌និងយុត្តិធម៌សង្គម ស្របតាមតម្រូវការនៃស្ថានភាពជាក់ស្ដែងនិយម៕

0 Comments:

Post a Comment

 
KKK «នគររុងរឿង | Norkor Rongroeng» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 66 27 756 | 096 66 94 773 សូមអរគុណ ! ឬ Whatsapp : 096 66 94 773 Telegram : 096 66 94 773»