វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារទាំងមូល គឺជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំង សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រ តាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ពិតណាស់ ទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើនរំឭកអំពីការតស៊ូ, ទុក្ខសោកនៃសង្រ្គាម, ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ, សាសនា និងព្រះមហាក្សត្រ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។ ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែកដ៏ធំធេងក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្កលក្ខណៈដល់ការគោរពបដិបត្តិគ្រប់សាសនាទៅតាមជំនឿរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព, សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមត្រេកអរ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងកើតឡើងនៅក្នុងស្រុកក្រូចឆ្មារ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស។ ដូច្នេះសូមបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ សម្តេចតេជោ ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនទៅមុខបន្ថែមទៀត។
ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ថា ការស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញអំពី ការសម្រេចផ្ទុកផ្តាក់ផ្ញើជោគវាសនា និងការផ្តល់ជឿទុកចិត្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការការពារ និងសង្គ្រោះអាយុជីវិតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។
លោកអះអាងថា យើងទាំងអស់គ្នា មានសំណាង ពីព្រោះមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេសមានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយសម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីមិនឱ្យកូនខ្មែរធ្លាក់ទៅក្នុងរណ្តៅនៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ៕
0 Comments:
Post a Comment